Breaking News
Loading...
Tuesday, March 4, 2014

ការណែនាំពីរបៀបសម្ភាសន៍: មុនពេល​​ សម្ភាសន៍

4:46 AM



បច្ចេក​ទេស​នៃការ​ធ្វើបទ​សម្ភាសន៍ គឺជា​ចំណុច​ពិសេស​​សម្រាប់​អ្នក​ដែល​ស្វែង​រក​ការងារ​គ្រប់​មុខតំណែង​ទាំង​ អស់​ ហើយ​វា​គឺជា​ដំណាក់កាល​នៃការចាប់ផ្តើម​​ដំបូង​ក្នុង​ការដែលនិយោជកធ្វើ​ សេចក្តី​សម្រេចចិត្ត​ចំពោះ​លោកអ្នក​មុន​ពេល​ត្រូវ​បាន​គេ​ផ្តល់​​ កិច្ចសន្យាការងារ។​ ដូច្នេះ​វា​ជារឿង​សំ​ខាន់​ដែល​លោក​អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​​ឱ្យ​
បាន​ល្អ​មុន​ពេលទៅ​ធ្វើ​បទ​សម្ភាសន៍​ ជាពិសេស​
ត្រូវ​បង្កើន​ចំណាប់អារម្មណ៍​ចំពោះ​និយោជក​ដែលជាមនុស្ស​​ពោរ​ពេញ​ទៅ​ដោយ​សក្តានុពល​​។​
ការ​ណែនាំ​ខាង​ក្រោម​នេះ​នឹបង្កើន​នូវ​ភាព​ជឿ​ជាក់​ដោយ​ ជួយ​លោក​អ្នក​ក្នុង​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ដំណាក់​កាល​នីមួយៗ​​នៃ​កា​ រធ្វើ​បទសម្ភាសន៍ ​ដែល​ចាប់​ផ្តើម​ពីការរៀប​ចំឆ្ពោះទៅ​កាន់​បទ​សម្ភាសន៍​ និង​ក្រោយ​ការ​បញ្ចប់​បទ​សម្ភាសន៍​។​

១​.មុន​ពេល​សម្ភាសន៍​

ការ​រៀប​ចំ​ខ្លួន​លោក​អ្នក​សម្រាប់​ការធ្វើបទ​សម្ភាសន៍​​​ ត្រូវ​បាន​រួម​បញ្ចូល​ទាំង​ការ​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​និយោជក ​ដែល​អ្នកកំពុង​ចង់​ធ្វើការ​ជាមួយ​ មាន​ន័យ​ថា​ លោកអ្នក​គួរ​តែ​អាន​ឱ្យ​បាន​ច្បាស់​លាស់​គ្រប់​​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង ​ក្រុមហ៊ុន​ និង​ឧស្សាហកម្មរបស់​គេ​។​ លោក​អ្នក​មាន​ចំ​ណេះ​ដឹង​បាន​កាន់​តែច្រើន​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ និង​ឧស្សាហកម្ម របស់​គេ លោក​​អ្នក​នឹងភ្ជាប់​កាយ​ដោយ​ភាព​វៃឆ្លាត​ដើម្បី​ត្រៀម​ឆ្លើយ​ទៅគ្រប់សំនួរ​ ដែល​រំពឹង​ថា​នឹងត្រូវ​បាន​គេសួរ​នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​។

ការ​ត្រៀម​លក្ខណៈ​សំខាន់​មួយ​ទៀត​សម្រាប់​ភាព​ជោគ​ជ័យ​នៅក្នុង​ការ​ធ្វើ​បទ​ សម្ភាសន៍​ ​លោកអ្នក​ត្រូវ​តែ​ផ្សារភ្ជាប់​ឱ្យ​បាន​ច្បាស់​ជាមួយ​ប្រវត្តិរូបផ្ទាល់​ ខ្លួន។​ លោក​អ្នក​គួរ​តែរៀប​ចំ​ឱ្យ​បាន​លម្អិត​នូវ​ជីវ​ប្រវត្តិ​ផ្ទាល់​ខ្លួន​​ និង​បទពិសោធន៍​ដែល​បង្ហាញ​នៅ​ក្នុង​លិខិតស្នើសុំនោះ​។ ការ​សរសេរ​ប្រវត្តិរូប​មិន​បាន​ច្បាស់លាស់​ ឬ​ប្រវត្តិការងារ​ចាស់ៗ​មាន​ភាព​សាំញ៉ាំ ​ គឺជាការ​​ងាយ​ស្រួលក្នុង​ការ​បំផ្លាញ​នូវ​ភាព​ជឿជាក់​របស់​​និយោជក​មកលើ​ ខ្លួន​ឯងតែម្តង។ ដូច្នេះ​អ្វី​ដែល​សំខាន់​សម្រាប់រៀប​ចំខ្លួន​​ធ្វើ​បទ​សម្ភាសន៍​ លោក​អ្នក​គួរតែ​​មក​ដល់​កន្លែង​សម្ភាសន៍​ឱ្យ​បាន​មុន​ម៉ោង​ ដើម្បី​ឱ្យ​មាន​ពេល​ត្រៀម​ខ្លួន​ប្រមូល​គំនិត​ឱ្យ​បាន​មូល និង​មានពេល​វេលាគ្រប់​គ្រាន់​ក្នុងការ​ទៅ​បន្ទប់​ទឹក​ ដើម្បី​រៀប​ចំ​ខ្លួន​ម្តង​ទៀត​ ទាំង​សម្លៀក​បំពាក់​ និងអត្តចរិត​ឱ្យ​បានល្អ​ផងដែរ។​ ក្នុង​ករណីដែល​មក​ដល់មុន​ពេល​កំណត់​​ ​គឺ​ជា​ការ​គ្រប់​គ្រង​ពេលវេលា​បាន​ល្អ ហើយ​ផ្តល់​លទ្ធភាព​ឱ្យ​លោក​អ្ន​កអាច​ដោះ​ស្រាយ​បាន​សម្រាប់​ការ​ពន្យា​ពេល​ ដែល​មិន​បាន​ព្រៀង​ទុក។​

២.​ កំឡុង​​ពេលសម្ភាសន៍​

លោក​អ្នក​ត្រូវ​តែ​មាន​ភាព​គួរ​សម​ជាមួយ​មនុស្ស​ដែល​នៅ​កន្លែង​សម្ភាសន៍​ ពី​ព្រោះ​អ្នក​សម្ភាសន៍​ជា​និច្ចកាល​តែង​តែ​សួរ​ដល់អ្នក​ទទួល​ភ្ញៀវ​ និង​សន្តិសុខ​ដើម្បី​ទទួលបាន​​ព័ត៌មាន​ខ្លះពីខ្លួនអ្នក ​ហើយ​បើមាន​ចម្លើយ​អវិជ្ជមាន​ណា​មួយ​វាអាចនឹងបំផ្លាញ​​ឱកាសលោក​អ្នក​ក្នុង​ ការជ្រើ​សរើស​​នោះ​។​ ដំណាក់​កាល​នៃ​ការ​ធ្វើ​បទសម្ភាសន៍​មាន​គុណសម្បត្តិ​ពីរយ៉ាង ​គឺទីមួយ​និយោជក​អាច​វាយ​តម្លៃ​ថា បេក្ខភាព​របស់​លោក​អ្នក​ស័ក្តិសមទៅ​នឹង​តួនាទីឬទេ​ ហើយ​ខ្លួន​អ្នក​ផ្ទាល់​អាច​រក​ឃើញ​ថា ក្រុមហ៊ុន​ដែល​​អ្នក​កំពុង​សម្ភាសន៍​ គឺជា​កន្លែង​ដ៏​ល្អ​ប្រសើរ​ ដូចដែល​លោកអ្នក​រំពឹង​ទុក​ឬយ៉ាង​ណា?។ នៅ​ក្នុង​ដំណាក់​កាល​ដំបូងនៃ​ការធ្វើ​បទ​សម្ភាសន៍ និយោជក​តែង​តែ​ផ្តល់ព័ត៌មាន​អំពីក្រុមហ៊ុន និង​មុខនាទី​ការងារ ដែលោក​អ្នក​បាន​ស្នើសុំ ។ ដូច្នេះ​លោក​អ្នក​ត្រូវ​សំដែង​ការចាប់​អារម្មណ៍​នូវ​ពាក្យ​សំដីរបស់​គាត់។  ចំពោះ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​និយោជក​ផ្តល់​ឱ្យ​​នៅ​ក្នុង​កិច្ចសម្ភាសន៍​ វាជាគន្លឹះ​សម្រាប់​ឱ្យ​អ្នក​សួរ​វិញ​នៅ​ពេល​ដែល​បញ្ចប់​នូវ​កិច្ចសម្ភាសន៍​ នោះ​។

សំនួរ​ទាំង​ឡាយ​ដែល​អ្នក​សម្ភាសន៍​តែង​តែ​សួរ​នោះ ជា​និច្ចកាល​គឺជា​ប្រភេទ​សំនួរ​​ដែលសួរ​ដើម្បី​​​ធ្វើការស្វែង​យល់​ពី​​ បុគ្គលិក​លក្ខណៈរបស់​អ្នក​​ឱ្យ​បាន​កាន់​ច្រើន​ ពោលគឺគាត់​សួរ​ទាក់​ទង​ទៅ​នឹង​បទ​ពិសោធន៍ ​និង​អត្ត​ចរិត ​ដើម្បី​ឱ្យ​ដឹងថា​តើ​លោកអ្នក​ស័ក្តិ​សម​ជា​មួយ​តំណែង​ដែល​គាត់​ប្រកាសរក​ នោះ​ដែរឬទេ។ អ្វីដែល​សំខាន់ទៀត​នោះ​​ គឺ​លោក​អ្នក​ត្រូវ​តែ​ឆ្លើយ​តប​​ទៅ​នឹងសំនួរ​ដោយ​ធ្វើការ​ចង្អុល​បង្ហាញ ឬបញ្ជាក់​ឱ្យ​ឃើញ​ពីសមត្ថភាព​របស់​​ខ្លួន។ ​បើនិយាយ​ពីសមត្ថភាព​វិញ លោក​អ្នក​ត្រូវ​មាន​ភាព​ប្រាកដ​ប្រជា ​ហើយ​​ឆ្លើយ​​ផ្តោតអារម្មណ៍​ទៅ​លើ​សំនួរទាំង​នោះ ​ដោយ​បញ្ជាក់​អំ​ពីចំណុច​ខ្លាំង​ និង​​បទពិសោធន៍ក្នុង​គោល​បំណងស្តែង​ឱ្យ​ឃើញថា ​អ្នក​ពិតជា​មនុស្ស​ដ៏​ត្រឹម​ត្រូវ​បំផុត​សម្រាប់​តំណែង​នេះ​។ ចូរចង​ចាំថា លោកអ្នក​គួរ​ជៀសវាង​​ការ​ឆ្លើយ​ថា “បាទ ឬ​ក៏​ទេ ” ​ទាក់ទង​ទៅ​ប្រភេទ​សំនួរ​ណាទាំង​ឡាយ​ណា​ដែល​បង្ហាញ​ថា​ ​លោក​អ្នកគឺ​ជា​បុគ្គល​ទន់​ខ្សោយ ឬ​ជំនាញ​ក្នុង​ការ​ទំនាក់​ទំ​នង​របស់​អ្នកមាន​ភាព​​​ទន់ខ្សោយ ហើយ​​វាជាហេតុ​ដែល​ធ្វើឱ្យ​អ្នក​មិនមាន​ឱកាស​​បង្ហាញ​ពី​សមត្ថ​ភាព​ ផ្ទាល់ខ្លួន​​។​

នៅ​ក្នុង​តំណាក់​កាល​ធ្វើ​បទ​សម្ភាសន៍​ រឿង​ដែល​សំខាន់បំផុត​ គឺ​ត្រូវ​ឆ្លើយ​ និង​ស្តាប់​ដោយយក​ចិត្ត​ទុកដាក់ ហើយ​មិន​ត្រូវ​មាន​ភាព​តាន​តឹង​ឡើយ។​ ស្តាប់​ទៅ​នឹង​សំនួរ​ទាំង​អស់​នោះ​មុន​ពេល​ដែល​ឆ្លើយ​។​ ចូរ​ចង​ចាំ​ថា ​គ្រប់​ចម្លើយ​របស់​យើង​ត្រូវ​តែ​ច្បាស់​លាស់​ និង​មានភាព​សមរម្យ​ក្នុងការ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ចំណុច​ខ្លាំងថា ​យើង​គឺជា​បេក្ខជន​ដែល​ស័ក្តិ​សម​បំផុត​ចំពោះ​ការងារ​នេះ។ ជា​សរុប​ទៅ​លោក​អ្នក​ត្រូវ​ចេះ​ធ្វើ​ម្ចាស់ការ​ខ្លួន​ឯង​ ​និង​មាន​ភាព​ម្ចាស់​ការ​ដោយ​ខ្លួន​ឯង​។​​ ការ​ដែល​លោក​អ្នក​ប្រឹង​សំដែង​ឬកពារ ឬ អារម្មណ៍​ដើម្បី​ទទួលបាន​ការ​ងារនោះ អាច​ជា​ឧបសគ្គ​យ៉ាង​ធំដែល​ផ្ទុយ​ពីការ​រំពឹង​ទុក។ នៅ​ពេល​ដែល​គេ​ផ្តល់ឱកាស​ឱ្យសួរ​សំនួរ ​ចូរសួរ​នូវសំនួរ​ទាំង​ឡាយ​ណា​ដែល​ឆ្លុះ​បញ្ជាំង​ពីចំណាប់​អារម្មណ៍​​របស់​ ខ្លួន​ទៅក្នុង​ក្រុម​ហ៊ុន ​និង​តួនាទី​ដែល​កំពុង​សម្ភាសន៍។ ​សំនួរដែល​សមរម្យ​មួយ​ចំនួន​​ដែល​លោក​អ្នក​អាច​សួរ​បាន​នោះ​គឺ ៖

តើខ្ញុំ​គួរ​តែរាយការណ៍​នូវ​ការ​ងារ​របស់​ខ្ញុំ​ទៅអ្នក​ណា?​

តើក្រុម​ហ៊ុន​មាន​កំ​ណត់​ត្រា​អំពី​ការ​លើក​ទឹក​ចិត្ត​ដែរឬទេ?

ហេតុអ្វីបាន​ជា​តំណែង​នេះ​នៅទំនេរ?

តើអ្វី​ដែល​ជា​កត្តា​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រឈមមុខ​របស់​ក្រុម​ហ៊ុន​?

តើពេល​ណា​លោក​អាច​ឱ្យ​ខ្ញុំ​ចាប់​ផ្តើម​បាន​ (​ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​ការងារ​)?​​

៣. ក្រោយ​​សម្ភាសន៍​

ក្រោយ​ពី​ធ្វើ​បទ​សម្ភាសន៍​ លោកអ្នក​គួរ​តែ​សរសេរ​អ៊ីមែល​មួយ​ទៅកាន់​និយោជក​ ដោយ​​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ និង​ការ​ត្រេក​អរ​ក្នុង​ឱកាស​ដែល​លោក​អ្នក​បាន​ចូល​រួម​សម្ភាសន៍​។ ហើយ​នេះ​ជា​ដំណាក់កាល​មួយ​ទៀត​ដែល​លោក​អ្នក​មាន​ឱកាស​ដើម្បី​បញ្ជាក់អំពី​ ចំណាប់​អារម្មណ៍​របស់​ខ្លួន​ចំពោះតួ​នាទី​ដែល​កំពុងស្នើសុំ ​ក៏ដូចជាឱ​កាស​របស់់លោក​អ្នក​ក្នុងការ​បង្ហាញ​ពីខ្លួន​លោក​អ្នក​ម្តង​ទៀត​។ ចូរ​ចង​ចាំថា​ លោកអ្នក​ត្រូវ​ធ្វើការ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ដែលទាក់​ទង​ទៅនឹង​ប្រធាន ​បទ​នៃ​ការ​ពិភាក្សា​ក្នុងបទ​សម្ភាសន៍​ ឬដ្ឋភាព​នៃ​ក្រុមហ៊ុន​ដែលជំរុញ​ទឹក​ចិត្ត​លោកអ្នក​ឱ្យ​ឆេះឆួល​ចង់បម្រើការ​ ងារ​ និ​ង​អារម្មណ៍​​ដែល​លោក​អ្នក​ទទួលការប៉ះ​ពាល់​ចិត្ត​ពីនិយោជក​ជាដើម​៕


ចម្លងពី៖ seekideal.com

0 comments:

Post a Comment