Breaking News
Loading...
Tuesday, March 4, 2014

គន្លឹះ១០យ៉ាង​សម្រាប់​ជោគជ័យ​ពេល​សម្ភាស​រក​ការងារ និង​ការ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់

4:55 AM



តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាស​រក​ការងារ និង​ការ​ចរចា​ប្រាក់​ខែ?
វា​អស្ចារ្យ​ណាស់​នៅ​ពេល​ដែល​យើង​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្ភាស​រក​ ការងារ។ ប៉ុន្តែ ឱកាស​នៃ​ការ​ធ្វើ​ខុស​នឹង​កើត​មាន​ឡើង​ដូចជា​ការ​ស្លៀកពាក់ ការ​រៀបចំ​អត្តចរិត​ជាដើម។ ការ​ត្រៀម​ខ្លួន​ត្រូវ​តែ​មាន​ភាព​ឥត​ខ្ចោះ បើ​ពុំ​ដូច​នេះ​ទេ​អ្នក​នឹង​មិន​ទទួល​បាន​ការងារ និង​ទទួល​បាន​ប្រាក់​ខែ​ដែល​អ្នក​សម​នឹង​ទទួល​បាន​នោះ​ឡើយ។
ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ LIFT
បាន​សម្ភាស​ជាមួយ អ្នក​ស្រី ស៊ុយ សុខា អ្នក​គ្រប់​គ្រង​ផ្នែក​ជ្រើសរើស​បុគ្គលិក​មក​ពី​ក្រុមហ៊ុន HRInc. Cambodia និង​លោក ចាន់ រដ្ឋា ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ជីវិត ManuLife។
អនុវត្ត​នូវ​ចំណុច​គន្លឹះ​ទាំង ១០ នេះ​ដើម្បី​ទទួល​បាន​ឱកាស​ជាច្រើន​ក្នុង​ការ​ទទួល​បាន​ការងារ​ក្នុង​ក្តី​ សុបិន​របស់​អ្នក​យ៉ាង​អស្ចារ្យ​បំផុត។

១. គួរ​ដឹង​ឲ្យ​ច្បាស់​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​ការងារ​និង​ហាត់​រៀន​ឆ្លើយ​សំណួរ​ជា​មុន
លោក រដ្ឋា បាន​និយាយ​ថា៖ «ដំបូង អ្នក​ត្រូវ​តែ​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ។ បន្ទាប់​មក អ្នក​ត្រូវ​តែ​មាន​ជំនាញ និង​ចំណេះ​ដឹង​ដែល​គេ​ត្រូវ​ការ​សម្រាប់​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ។ អ្នក​ត្រូវ​ជឿ​ជាក់​ថា អ្នក​នឹង​ធ្វើ​ការងារ​នោះ​បាន​ល្អ។ អ្នក​ត្រូវ​អនុវត្ត​ឆ្លើយ​រាល់​សំណួរ​ដែល​អ្នក​គិត​ថា គេ​នឹង​សួរ​អ្នក​ក្នុង​ពេល​សម្ភាស​រហូត​ទាល់​តែ​ចម្លើយ​នោះ​មាន​លក្ខណៈ​ចេញ​ ពី ធម្មជាតិ និង​មាន ភាព​ស្មោះត្រង់»។
២. និយាយ​ស្ដី​ឲ្យ​បាន​សមរម្យ​នៅ​ពេល​ក្រុមហ៊ុន​ទូរស័ព្ទ​ហៅ​ទៅ​សម្ភាស
អ្នក​ស្រី សុខា បាន​ផ្តល់​ជា​យោបល់​ថា៖ «នៅ​ពេល​យើង​ទទួល​ទូរស័ព្ទ​ពី​ក្រុមហ៊ុន កុំ​ទម្លាប់​និយាយ «អាឡូ ពួក​ម៉ាក ឬ​ក៏​អាឡូ​អត់​ក្បាល អត់​កន្ទុយ» នោះ។ ត្រូវ​បញ្ជាក់​ថា តើ​យើង​ត្រូវ​ទៅ​ជួប​អ្នក​ណា នៅ​ម៉ោង​ប៉ុន្មាន នៅ​ឯណា​ក្នុង​ការ​សម្ភាស។ ជួន​កាល​គេ​មិន​ប្រាប់​យើង​ច្បាស់​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ពី​ទី​កន្លែង និង​ពេល​វេលា​ណាត់​ជួប​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​សួរ​គេ​បញ្ជាក់​ឲ្យ​បាន​ច្បាស់»។
៣. ត្រូវ​ដឹង​ពី​ទីតាំង​ដែល​អ្នក​នឹង​ត្រូវ​ទៅ​សម្ភាស​ជា​មុន
អ្នក​ស្រី សុខា បាន​លើក​ឡើង​ថា៖ «បើ​ការ​សម្ភាស​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក អ្នក​គួរ​ស្វែង​រក​ទីតាំង​ក្រុមហ៊ុន​នោះ​ឲ្យ​ហើយ​នៅ​ថ្ងៃ​នេះ​ដើម្បី​ឲ្យ​ ដឹង​ច្បាស់​ពី​ទីតំាង​របស់​វា។ អ្នក​មិន​អាច​ទៅ​សម្ភាស​យឺត​ម៉ោង​បាន​ទេ»។
៤. ស្លៀក​សម្លៀក​បំពាក់​អ៊ុត​ស្អាត និង​តុប​តែង​ខ្លួន​ឲ្យ​សម​សួន
អ្នក​ស្រី សុខា បាន​និយាយ​ថា៖ «តាំង​ពី​ក្បាល​ដល់​ចុង​ជើង ត្រូវ​ប្រាកដ​ថា វា​ឲ្យ​សមរម្យ (មាន​វិជ្ជាជីវៈ)។ សក់​ត្រូវ​សិត​ឱ្យ​បាន​ស្រួល​បួល។ ខោ អាវ​ត្រូវ​អ៊ុត​ឲ្យ​ស្អាត ឲ្យ​មាន​ភ្លី ដើម្បី​ទៅ​សម្ភាស។ មិន​សំខាន់​ថា ខោ​អាវ​អ្នក​ថ្មី ឬ​ចាស់​ទេ សំខាន់​ត្រូវ​ចេះ​អ៊ុត​វា​ឲ្យ​អ្នក​សម្ភាស​យើង​មើល​ទៅ​ដឹង​ថា យើង​ជា​អ្នក​អាជីព​តែ​ម្ដង»។ បើ​ជា​ស្ត្រី គួរ​តុប​តែង​មុខ​មាត់​ឲ្យ​សមរម្យ មិន​មែន​តុប​តែង​មុខ​ដូច​ពេល​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​នោះ​ទេ។ កុំ​សិចស៊ី​ពេក។ សូម​អត់​ធ្មត់។



៥. សង្កេត​មើល​បរិស្ថាន​ការងារ​របស់​ក្រុមហ៊ុន
អ្នក​ស្រី សុខា ផ្តល់​ជា​ដំបូន្មាន​ថា៖ «ត្រូវ​ទៅ​ដល់​មុន​ម៉ោង​ឲ្យ​បាន​កន្លះ​ម៉ោង ឬ ១៥ នាទី។ ខណៈ​ពេល​អង្គុយ​រង់ចាំ យើង​គួរ​សង្កេត​មើល​ឥរិយាបថ​របស់​បុគ្គលិក​នៅ​ទី​នោះ​ផង។ លើស​ពី​នេះ យើង​ត្រូវ​សង្កេត​មើល​នៅ​តាម​ជញ្ជាំង​ដើម្បី​រក​មើល​ថា តើ​គេ​មាន​សរសេរ​ពាក្យ​ស្លោក​ណា ឬ​ក៏​តម្លៃ​ក្រម​សីលធម៌​ការងារ​ណា ឬ​ក៏​អត់ ពីព្រោះ​យើង​អាច​យក​អ្វី​ដែល​យើង​សង្កេត​មើល​នេះ​ទៅ​និយាយ​ក្នុង​ពេល សម្ភាស​ដើម្បី​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដំបូង​របស់​យើង»។
៦. គោះ​ទ្វារ​មុន​ចូល និង​ការ​សម្ដែង​ការ​គួរ​សម
អ្នក​ស្រី សុខា បាន​លើក​ឡើង​ថា៖ «មុន​ពេល​ចូល យើង​ត្រូវ​គោះ​ទ្វារ ដោយ​គោះ​កុំ​ឲ្យ​ខ្លាំង ឬ​ច្រើន​ដង​ពេក។ កុំ​ទៅ​ដល់​បើក​ទ្វារ​រុញ​ទៅ​តែ​ម្ដង​ដោយ​មិន​បាន​គោះ​នោះ។ ប្រសិន​បើ​ពេល​ដែល​ចូល​ទៅ​អត់​មាន​អ្នក​ណា​ស្វាគមន៍​យើង​មុន​ទេ​នោះ យើង​ត្រូវ​ស្វាគមន៍​គេ​មុន​តាម​បែប​ខ្មែរ បើ​មើល​ទៅ​គេ​ជា​ខ្មែរ។ ត្រូវ​ចង​ចាំ​ថា កុំ​លូក​ដៃ (ចាប់​ដៃ) មុន​ពេល​ដែល​អ្នក​សម្ភាស​របស់​យើង​ហុច​មក​រក​យើង (ហុច​ចាប់​ដៃ)។
៧. អង្គុយ​ឲ្យ​បាន​សមរម្យ
អ្នក​ស្រី សុខា បាន​គូស​បញ្ជាក់​ថា៖ «ពេល​ខ្លះ​គេ​អត់​ហៅ​យើង​អង្គុយ​ទេ គេ​ចាំ​មើល​ថា យើង​ធ្វើ​យ៉ាង​ម៉េច​ប្រសិន​បើ​គេ​មិន​និយាយ​អ្វី​នោះ ឬ​ព្រោះ​គេ​ជាប់​រវល់។ ដើម្បី​ចៀស​វាង​ករណី​នេះ យើង​អាច​សួរ​គេ​ថា អត់​ទោស​ខ្ញុំ​អាច​អង្គុយ​បាន​ទេ? ចៀសវាង​អង្គុយ​ផ្ដេក​ផ្ដួល​ទៅ​លើ​កៅអី ឬ​ក៏​ដាក់​ដៃ​មួយ​ចំហៀង​ច្រត់​លើ​កៅអី។ ត្រូវ​អង្គុយ​ដាក់​ដៃ​លើ​ភ្លៅ​រួច​អង្គុយ​ឲ្យ​ត្រង់​ខ្លួន ឬ​ក៏​យើង​អាច​ដាក់​ដៃ​លើ​តុ​អាស្រ័យ​លើ​មួយ​ណា​ដែល​យើង​យល់​ថា វា​ងាយ​ស្រួល​ជាង»។
៨. ឥរិយាបថ​ក្នុង​ពេល​សម្ភាស
អ្នក​ស្រី សុខា បាន​និយាយ​ថា៖ «កុំ​បង្ហាញ​ទៅ​អ្នក​សម្ភាស​យើង​ថា អ្នក​អស់​កម្លាំង ឬ​ធុញ​ទ្រាន់​នោះ។ ទំនាក់​ទំនង​តាម​ក្រសែ​ភ្នែក ការ​ញញឹម​គឺជា​ការ​ចំា​បាច់ ពីព្រោះ​វា​បង្ហាញ​ថា យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់ និង​ជា​បេក្ខជន​ល្អ​ដែល​គេ​ត្រូវ​ការ។ កុំ​ភ័យ​ពេក ហើយ​កុំ​មាន​ជំនឿ​ហួស​ពេក។ បើ​ភ័យ​ពេក អ្នក​មិន​អាច​និយាយ​ពី​អ្វី​ដែល​អ្នក​បាន​ត្រៀម។ បើ​អ្នក​មាន​ជំនឿ​ជ្រុល​ពេក អ្នក​អាច​នឹង​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ដិត​ដល់»។
៩. ការ​ចេះ​មើល​ទឹក​មុខ
អ្នក​ស្រី សុខា បាន​បង្ហើប​ប្រាប់​ថា៖ «នៅ​ពេល​ឆ្លើយ​សំណួរ អ្នក​គួរ​តែ​សម្លឹង​មើល​មុខ​អ្នក​សម្ភាស។ ប្រសិន​បើ​អ្នក​មើល​ឃើញ​ថា ពួក​គេ​អារម្មណ៍​ធុញ​ទ្រាន់​ដោយ​សារ​តែ​យើង​និយាយ​ច្រើន​ពេក ត្រូវ​បន្ថយ​ឲ្យ​ឆាប់​បញ្ចប់​សេចក្ដី។ តែ​បើ​មើល​ទៅ​គេ​ដូច​ជា​ចង់​ដឹង​បន្ថែម​ពី​យើង​ដោយ​គេ​សួរ​សំណួរ​បន្ថែម យើង​ត្រូវ​និយាយ​ឲ្យ​បាន​ច្រើន​បន្តិច។
១០. សំណួរ​ចុង​ក្រោយ​ដែល​ត្រូវ​សួរ​ទៅ​អ្នក​សម្ភាស
អ្នក​ស្រី សុខា បាន​ពោល​ថា៖ «នៅ​មុន​ពេល​បិទ​បញ្ចប់​ការ​សម្ភាស អ្នក​សម្ភាស​អាច​សួរ​យើង​ថា មាន​សំណួរ​អ្វី​ឬ​អត់។ យើង​អាច​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​យើង​លើ​ក្រុមហ៊ុន​គេ។ យើង​អាច​សួរ​គេ​ថា តើ​ក្រុមហ៊ុន​ដែល​យើង​នឹង​ទៅ​ធ្វើការ​ជាមួយ​នោះ​យ៉ាង​ម៉េច​ដែរ? ហើយ​យើង​ក៏​អាច​សួរ​ដែរ​ថា តើ​បុគ្គលិក​លក្ខណៈ​បែប​ណា​ដែល​គេ​គិត​ថា​ត្រូវ​នឹង​ការងារ​នេះ? នៅ​ពេល​ដែល​គេ​ពន្យល់​មក យើង​អាច​ដឹង​ដោយ​ប្រយោល​ថា​យើង​ត្រូវ ឬ​ក៏​មិន​ត្រូវ​នឹង​ការងារ​នោះ»។
ការ​ចរចា​ប្រាក់​ខែ
អ្នក​ស្រី សុខា បាន​លើក​ឡើង​ថា៖ «អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​អំពី​ប្រាក់​ខែ​ដំបូង។ ខ្ញុំ​មិន​ណែនាំ​ឲ្យ​យុវជន​មើល​ឃើញ​តែ​ប្រាក់​ខែ​ច្រើន​នៅ​ពេល​ចាប់​ផ្ដើម ធ្វើ​ការងារ​ឡើយ​។ ពួកគេ​គួរ​តែ​ផ្ដល់​តម្លៃ​លើ​បទពិសោធ​ជាង​ប្រាក់​ខែ»។ អ្នក​ស្រី ក៏​បាន​ណែនាំ​អ្នក​ឲ្យ​សួរ​ទៅ​កាន់​អ្នក​ផ្ដល់​ការ​សម្ភាស​អំពី​ភារកិច្ច គោលការណ៍​នៃ​ការងារ ថ្ងៃ​ឈប់​សម្រាក និង​ឱកាស​ផ្សេងៗ​ដែល​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​បន្ថែម។
លោក រដ្ឋា បាន​បន្ថែម​ថា៖ «ត្រូវ​តែ​ស្មោះត្រង់។ អ្នក​គួរ​តែ​ដឹង​អំពី​ចំនួន​ប្រាក់​ខែ​ប៉ុន្មាន​ដែល​សម​នឹង​សមត្ថភាព​របស់​ អ្នក រួច​សឹម​ចរចា​បន្ថែម​នៅ​ពេល​ក្រោយ។ សូម​ធ្វើ​ជា​អ្នក​ចរចា​ដ៏​ចំណាន​ជាមួយ​នឹង​ចំណេះ​ដឹង និង​សមត្ថភាព​ពិត​ប្រាកដ​របស់​អ្នក៕

0 comments:

Post a Comment